បុគ្គលដឹងអ្វី ឃើញអ្វី ទើបអស់ទៅនៃអាសវធម៌ទាំងឡាយ។ បុគ្គលឃើញនូវយោនិសោមនសិការ(១) និងអយោនិសោមនសិការ(២) (ទើបអស់ទៅ នៃអាសវធម៌ទាំងឡាយ)។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តដោយខុសទំនង អាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រឹងរឹតតែចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្ត ដោយត្រូវទំនង អាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវលះបង់អាសវៈ ដោយការឃើញ គឺសោតាបត្តិមគ្គក៏មាន ត្រូវលះបង់អាសវៈ ដោយសេចក្តីសង្រួមឥន្ទ្រិយក៏មាន ត្រូវលះបង់អាសវៈ ដោយការសេពក៏មាន
(១) ដែលថា យោនិសោមនសិការនោះ គឺតាំងចិត្ត ចងចិត្ត ប្រមូលអារម្មណ៍មកពិចារណា តាមសច្ចានុលោមិកញ្ញាណ ដោយន័យថា សេចក្តីមិនទៀង ក្នុងរបស់ដែលមិនទៀង។ (២) ដែលថា អយោនិសោមនសិការៈនោះ គឺយល់វិប្បល្លាស សំគាល់ថាទៀង ក្នុងរបស់ដែលមិនទៀង ថាសុខក្នុងរបស់ដែលជាទុក្ខ សំគាល់ថា មានខ្លឹម ក្នុងរបស់ដែលមិនមានខ្លឹម សំគាល់ថាស្អាត ក្នុងរបស់ដែលមិនស្អាត។ អដ្ឋកថា។