ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិ វិប្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ធ្វើម្តេចហ្ន៎ ជាតិ កុំគប្បីមកដល់យើងឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯង តថាគតហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា...។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីឈឺថ្កាត់ជាធម្មតា...។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានសេចក្តីស្លាប់ជាធម្មតា...។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្តឡើយ មួយទៀត ធ្វើម្តេចហ្ន៎ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត កុំគប្បីមកដល់យើងឡើយ