ព្រោះថា ពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ មិនបានដឹងច្បាស់នូវហេតុ១ប្រការនេះ តាមពិតទេ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹងនូវឧបាទានទាំងអស់ តែពួកគេនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទាន បញ្ញត្តតែការកំណត់ដឹងនូវសីលព្វតុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាណា ក្នុងសាស្តា ក្នុងធម្មវិន័យបែបនេះឯង សេចក្តីជ្រះថ្លានោះ មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ សេចក្តីជ្រះថ្លាក្នុងធម៌ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ ការធ្វើឲ្យបរិបូណ៌ក្នុងសីលទាំងឡាយ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ សេចក្តីស្រឡាញ់ និងសេចក្តីគាប់ចិត្ត ក្នុងសហធម្មិកទាំងឡាយ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ បានជាយ៉ាងនុ៎ះ ព្រោះហេតុតែធម្មវិន័យ ដែលគេពោលហើយមិនត្រឹមត្រូវ ប្រកាសទុកមិនល្អ មិនមែនជាធម៌ស្រោចស្រង់សត្វ មិនប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ទុក្ខ ជាធម៌ដែលគ្រូ មិនមែនជាសម្មាសម្ពុទ្ធសំដែងទុកដោយពិត។