[១៦០] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត។ ព្រះសារីបុត្តមានអាយុ បានឮសុនក្ខត្តលិច្ឆវិបុត្ត កំពុងពោលវាចា ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចដើម្បីធ្វើខ្លួន ឲ្យជាអរិយៈដ៏ក្រៃលែងជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវ ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃខ្លួនឯង តែធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ។ លុះព្រះសារីបុត្តមានអាយុ ត្រាច់ទៅក្រុងវេសាលី ដើម្បីបិណ្ឌបាត ត្រឡប់អំពីបិណ្ឌបាតហើយ ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សុនក្ខត្តលិច្ឆវិបុត្ត ទើបនឹងសឹកចេញចាកធម្មវិន័យនេះ មិនយូរប៉ុន្មាន តែងពោលវាចា ក្នុងកណ្តាលបរិសទ្យ ក្នុងក្រុង