ជាសភាវៈមិនប្រែប្រួល តាំងនៅមាំ ដូចជាសស្សតិវត្ថុ (ព្រះអាទិត្យ និងព្រះចន្ទ្រ ជាដើម) ដូច្នោះឯង១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណើរ គឺទិដ្ឋិ ញាតស្បាត គឺទិដ្ឋិ ផ្លូវឆ្ងាយដាច់ស្រយាល គឺទិដ្ឋិ ចំរូង គឺទិដ្ឋិ សេចក្តីញាប់ញ័រគឺទិដ្ឋិ ចំណងគឺទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែលជាប់ដោយចំណងគឺទិដ្ឋិ ជាអ្នកមិនចេះដឹង តថាគតហៅថា ជាអ្នកមិនបានរួចស្រឡះចាក ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ និងឧបាយាសទុក្ខ ទាំងមិនរួចចាកទុក្ខ (ក្នុងវដ្តៈទាំងអស់)។ ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័ក ដែលជាអ្នកបានចេះដឹង បានឃើញនូវព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើម ឈ្លាសក្នុងអរិយធម៌ បានទូន្មានខ្លួនល្អ ក្នុងអរិយធម៌ បានឃើញនូវសប្បុរសទាំងឡាយ មានព្រះពុទ្ធជាដើម ឈ្លាសក្នុងសប្បុរិសធម៌ បានទូន្មាននូវខ្លួនល្អ ក្នុងសប្បុរិសធម៌ រមែងដឹងច្បាស់នូវធម៌ ដែលគួរធ្វើទុកក្នុងចិត្ត ដឹងច្បាស់នូវធម៌ ដែលមិនគួរធ្វើទុកក្នុងចិត្ត។ កាលអរិយសាវ័កនោះដឹងច្បាស់ នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត ដឹងច្បាស់នូវធម៌ ដែលមិនគួរធ្វើទុកក្នុងចិត្តហើយ ធម៌ទាំងឡាយណា ដែលមិនគួរធ្វើទុកក្នុងចិត្ត ក៏មិនធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះឡើយ។ ធម៌ទាំងឡាយណា ដែលគួរធ្វើទុក