ពិចារណាមិនឃើញ នូវនិមិត្តនុ៎ះថា ភ័យ ឬសេចក្តីតក់ស្លុត នឹងគ្របសង្កត់តថាគត ក្នុងពួកបរិសទ្យនោះ ដូច្នេះឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញនូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត។បេ។ ម្នាលសារីបុត្ត បុគ្គលណា ពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញយ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃ ដោយខ្លួនឯងដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះ បើមិនលះបង់វាចានោះទេ មិនលះបង់ចិត្តនោះទេ មិនលះបង់ទិដ្ឋិនោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះបាន យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះចេញទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះឯង។