[១៧៣] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងបិត្តិវិស័យ លុះសម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ រងទុក្ខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។ ម្នាលសារីបុត្ត ដើមឈើដែលដុះលើផែនដីមិនរាបស្មើ មានស្រទាប់ស្លឹកដ៏ស្តើង មានម្លប់ប៉ើងរ៉ើង គ្រានោះ មានបុរសម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃគ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវ ដែលត្រាច់ទៅបានតែម្នាក់ សំដៅទៅរកដើមឈើនោះឯង បុរស អ្នកមានភ្នែក បានឃើញបុរសនោះហើយ និយាយយ៉ាងនេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើងកាន់ផ្លូវនោះផង