រមែងសាបសូន្យទៅវិញផង ភវាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង ភវាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង អវិជ្ជាសវៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងមិនបានផង អវិជ្ជាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង ធម៌ទាំងនេះឯង ដែលគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័កធ្វើទុកក្នុងចិត្ត។ ព្រោះតែអរិយសាវ័កនោះ មិនធ្វើទុកក្នុងចិត្ត នូវធម៌ដែលមិនគួរធ្វើទុកក្នុងចិត្ត ធ្វើទុកក្នុងចិត្ត នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត (យ៉ាងនេះហើយ) បានជាអាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើងមិនបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង។ អរិយសាវ័កនោះ ធ្វើទុកក្នុងចិត្តដោយឧបាយថា នេះកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះតណ្ហា ជាដែនឲ្យកើតកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះនិព្វានធម៌ ជាទីរំលត់នូវកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះសេចក្តីប្រតិបត្តិ ដើម្បីដល់នូវព្រះនិព្វាន ជាទីរំលត់នូវកងទុក្ខ។ កាលអរិយសាវ័កនោះ ធ្វើទុកក្នុងចិត្ត ដោយឧបាយយ៉ាងនេះហើយ សំយោជនៈទាំងឡាយ៣ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា និងសីលព្វត្តបរាមាស ក៏សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគតពោលថា ត្រូវលះដោយការឃើញ គឺសោតាបត្តិមគ្គ។