តែថា កាលណាបុរសដ៏ចំរើននេះ គ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយដោយលំដាប់ មានអាយុ៨០ ឬ៩០ឆ្នាំ ឬ១០០ឆ្នាំ រាប់អំពីកំណើតមក ក្នុងកាលនោះ បុរសនេះ ក៏សាបសូន្យចាកបញ្ញាដ៏ឈ្លាសវៃ។ ម្នាលសារីបុត្ត សេចក្តីនុ៎ះ អ្នកមិនត្រូវយល់យ៉ាងនេះឡើយ។ ម្នាលសារីបុត្ត ឥឡូវនេះ តថាគតគ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយដោយលំដាប់ មានអាយុ៨០ឆ្នាំហើយ វ័យរបស់តថាគត ក៏នៅតែប្រព្រឹត្តទៅបាន។ ម្នាលសារីបុត្ត ក្នុងទីនេះ សាវ័ករបស់តថាគតទាំង៤រូប សុទ្ធតែមានអាយុ១០០ឆ្នាំ រស់នៅអស់១០០ឆ្នាំ ជាអ្នកប្រកបដោយសតិ និងគតិ និងសេចក្តីព្យាយាមដ៏ក្រៃលែងផង ដោយបញ្ញាដ៏ឈ្លាសវៃក្រៃលែងផង ម្នាលសារីបុត្ត អ្នកកាន់ធ្នូដ៏មាំ បានសិក្សាសិប្បៈរួចហើយ មានថ្វីដៃស្ទាត់ក្នុងការបាញ់ បានយកព្រួញដ៏ស្រាល (បាញ់) ឲ្យឆ្លងរំលងស្រមោលដើមត្នោតទទឹង ដោយមិនលំបាកឡើយ យ៉ាងណាមិញ សាវ័កទាំង៤ មានស្មារតីដ៏ក្រៃលែង ក៏យ៉ាងនោះ មានគតិដ៏ក្រៃលែង ក៏យ៉ាងនោះ មានព្យាយាមដ៏ក្រៃលែង ក៏យ៉ាងនោះ ប្រកបដោយបញ្ញាដ៏ឈ្លាសវៃក្រៃលែង ក៏យ៉ាងនោះ ពួកសាវ័កទាំង៤នោះ តែងសួរប្រស្នា ប្រៀបធៀបដោយសតិប្បដ្ឋានទាំង៤