នឹងតថាគត ចំណែកតថាគត ដែលសាវ័កទាំងនោះសួរហើយ ៗក៏ដោះស្រាយនូវប្រស្នានោះ ដល់ពួកសាវ័កទាំងនោះ ឯពួកសាវ័កទាំងនោះ ក៏ចាំទុកនូវប្រស្នា ដែលតថាគតដោះស្រាយហើយ ថាជាប្រស្នាដែលតថាគត ដោះស្រាយហើយ មិនបាច់សួរតថាគត ឲ្យជាគំរប់ពីរដងតទៅទៀតឡើយ វៀរលែងតែការស៊ីផឹក ទំពាស៊ី និងជញ្ជាប់ជញ្ជក់ភោជន វៀរលែងតែការបន្ទោបង់នូវឧច្ចារៈ និងបស្សាវៈ វៀរលែងតែការដេកលក់ និងការសម្រាកសេចក្តីលំបាក ម្នាលសារីបុត្ត ធម៌ទេសនារបស់តថាគត មិនចេះអស់ បទ និងព្យញ្ជនៈនៃធម៌របស់តថាគត មិនចេះអស់ បញ្ហាព្យាករណ៍របស់តថាគត ក៏មិនចេះអស់ឡើយ។ ចំណែកខាងពួកសាវ័កទាំង៤ របស់តថាគតនោះ មានអាយុ១០០ឆ្នាំ រស់នៅបាន១០០ឆ្នាំ នឹងធ្វើមរណកាល ដោយកាលកន្លងនៃឆ្នាំ១០០។ ម្នាលសារីបុត្ត បើទុកណាជាអ្នកទាំងឡាយ នាំយកតថាគត ដោយគ្រែតូច ប្រាជ្ញា និងសេចក្តីឈ្លាសវៃរបស់តថាគត ក៏មិនក្លាយទៅជាដទៃឡើយ។ ម្នាលសារីបុត្ត អ្នកផង កាលពោលដោយប្រពៃ តែងពោលចំពោះបុគ្គលណាថា សត្វមានធម៌មិនវង្វេងទេ រមែងកើតក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បីសេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតា និងមនុស្ស។