ក៏បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម តែងបញ្ញត្តការកំណត់ដឹង នូវវេទនាទាំងឡាយ ចំណែកខាងពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវវេទនាទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងការបញ្ញត្តនេះ (បើប្រៀបធៀប) នូវធម៌ទេសនា ដោយធម៌ទេសនា ឬ (ប្រៀបធៀប) នូវពាក្យប្រៀនប្រដៅ ដោយពាក្យប្រៀនប្រដៅ របស់ព្រះសមណគោតមក្តី របស់ពួកយើង តើណាមានសេចក្តីវិសេសជាងណា មានអធិប្បាយដូចម្តេច មានហេតុផ្សេងៗគ្នាដូចម្តេច។ លំដាប់នោះ ភិក្ខុទាំងនោះ មិនបានត្រេកអរ មិនបានហាមឃាត់ នូវភាសិតរបស់ពួកបរិព្វាជកអន្យតិរ្ថិយនោះឡើយ លុះមិនបានត្រេកអរ មិនបានហាមឃាត់ហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ចៀសចេញទៅ ដោយគិតគ្នាថា ពួកយើងគង់ដឹងច្បាស់ នូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគមិនខាន។