[១៩៥] គ្រានោះឯង ភិក្ខុទាំងនោះ ក៏ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រឡប់ពីបិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ ត្រង់ទីដែលព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត ក្នុងវេលាព្រឹកព្រហាមនេះ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ បានគិតគ្នា យ៉ាងនេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថី (នេះ) ក៏នៅព្រឹកពេកណាស់ បើដូច្នោះ ពួកយើងគួរ ឆៀងចូលទៅឯអារាមរបស់ពួកបរិព្វាជកអន្យតិរ្ថិយសិនចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ខ្ញុំព្រះអង្គទាំងឡាយ ក៏ចូលទៅឯអារាមរបស់ពួកបរិព្វាជកអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកបរិព្វាជកអន្យតិរ្ថិយនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ ដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកខ្ញុំព្រះអង្គ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជកអន្យតិរ្ថិយនោះ បានពោលសេចក្តីនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណគោតម