[១៩៦] ព្រះមានជោគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើពួកបរិព្វាជកអន្យតិរ្ថិយសួរយ៉ាងនេះ ពួកអ្នក ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះអ្វីជាតំរេករបស់កាមទាំងឡាយ អ្វីជាទោស របស់កាមទាំងឡាយ អ្វីជាគ្រឿងរលាស់ចេញ នូវកាមទាំងឡាយ អ្វីជាតំរេករបស់រូបទាំងឡាយ អ្វីជាទោស របស់រូបទាំងឡាយ អ្វីជាគ្រឿងរលាស់ចេញ នូវរូបទាំងឡាយ អ្វីជាតំរេករបស់វេទនាទាំងឡាយ អ្វីជាទោស របស់វេទនាទាំងឡាយ អ្វីជាគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជកអន្យតិរ្ថិយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះហើយ មុខជាមិនអាចនឹងដោះស្រាយរួចផង នឹងដល់នូវសេចក្តីចង្អៀតចង្អល់ចិត្តជាយ៉ាងក្រៃពេកផង។ ចុះដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុថា (ប្រស្នានោះ) មិនមែនជាវិស័យ (របស់ខ្លួន)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា នឹងញុំាងចិត្តឲ្យត្រេកអរ ដោយវេយ្យាករណ៍ នៃបញ្ហានេះបាន តថាគត ពិចារណារកបុគ្គលនោះ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មិនឃើញមានឡើយ វៀរលែងតែតថាគត ឬសាវ័ករបស់តថាគត ឬក៏បុគ្គលដែលបានស្តាប់អំពីសាសនានេះ។