មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត បានជាមនុស្សទាំងឡាយនោះ កាន់ដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់បន្ទាយ ដែលលាបបូកដោយបាយអ កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែលគេងាដាវឡើងក្តី មនុស្សទាំងឡាយនោះ ក៏បាញ់គ្នាដោយព្រួញខ្លះ ចាក់គ្នាដោយលំពែងខ្លះ បាចសាចដាក់គ្នាដោយអាចម៍គោជ្រាយខ្លះ ញាំញីគ្នាដោយរនាស់ដែកខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងបន្ទាយនោះ មនុស្សទាំងឡាយនោះ ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ក្នុងបន្ទាយនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញចំពោះខ្លួនឯង ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត មនុស្សទាំងឡាយ ក៏កាត់នូវជញ្ជាំងផ្ទះខ្លះ ប្លន់ខ្លះ កំហែងយកទ្រព្យក្នុងផ្ទះមួយៗខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយារបស់អ្នកដទៃខ្លះ។ ព្រះរាជាទាំងឡាយ ចាប់មនុស្សទាំងនោះបានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ទាំងឡាយ មានប្រការផ្សេងៗ គឺវាយដោយរំពាត់ខ្លះ