បលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ(១) ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ មនុស្សទាំងនោះ ក៏ដល់នូវសេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខស្ទើរតែនឹងស្លាប់ខ្លះ ក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ បានជាជនទាំងឡាយ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះជនទាំងឡាយនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្តហើយ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ
(១) អំពើដែលគេកាត់ស្បែក ហើយយកថ្មសំលៀងកាំបិត ទៅដុំបំបាក់ឆ្អឹងឲ្យខ្ទេចខ្ទី ហើយចាប់ផ្នួងសក់លើកឡើង គ្រវាត់គ្រវែងឲ្យឆ្អឹងជ្រុះចេញ ឲ្យនៅសល់ដុំសាច់តែម្យ៉ាង។