ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅដោយឡែក ឆ្អឹងធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អសមរម្យនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតឡើងប្រាកដមែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះសយម្ភូញាណ ទ្រង់មានព្រះពុទ្ធតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយកសរីរៈទៅចោលក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹងទទេ មានសម្បុរស ប្រៀបដូចពណ៌នៃស័ង្ខ។បេ។ សល់នៅតែឆ្អឹងទទេ រោយរាយនៅជាពំនូកៗ កន្លងទៅយូរឆ្នាំហើយ។បេ។ សល់នៅតែឆ្អឹងទទេ ពុកផុយ ខ្ទេចខ្ទី ជាកំទេចតូច កំទេចធំផ្សេងៗ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។