ក៏បានសម្រេច កុលបុត្តនោះ តែងរងទុក្ខទោមនស្ស ព្រោះហេតុនៃការរក្សានូវភោគៈទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ នាំយកភោគៈទាំងឡាយរបស់អាត្មាអញទៅបាន កុំឲ្យចោរទាំងឡាយលួចយកទៅបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកនាំយកទៅបាន កុំឲ្យអ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់ នាំយកទៅបាន។ កាលកុលបុត្តនោះ ខំរក្សាគ្រប់គ្រងយ៉ាងនេះហើយ ក៏គង់តែព្រះរាជាទាំងឡាយ រឹបយកនូវភោគៈទាំងនោះទៅក្តី ចោរទាំងឡាយ លួចយកទៅក្តី ភ្លើងឆេះអស់ក្តី ទឹកបន្សាត់ទៅក្តី អ្នកទទួលមត៌កទាំងឡាយ មិនជាទីស្រឡាញ់ ទាមយកចំណែកទៅក្តី កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេងថា ទ្រព្យណាបានកើតមានហើយ ដល់អាត្មាអញ ឥឡូវនេះ ទ្រព្យនោះឯង ត្រឡប់ជាមិនមានដល់អាត្មាអញវិញឡើយ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយមែនពិត។