[២២៤] ម្នាលអាវុសោទាំងឡាយ ភិក្ខុគួរពិចារណាខ្លួនដោយខ្លួនឯង ក្នុងធម៌ទាំងឡាយ១៦នោះ យ៉ាងនេះថា បុគ្គលណា ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកវិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្ត ឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកមានសេចក្តីប្រាថ្នាលាមក មិនត្រូវលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកឡើយ។ បុគ្គលណា ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃវិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាងនេះហើយ គប្បីញុំាងចិត្ត ឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកលើកខ្លួនឯង មិនត្រូវបន្តុះបង្អាប់អ្នកដទៃឡើយ។ បុគ្គល