មធុបិណ្ឌិកសូត្រ ទី៨
[២៤៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងកបិលវត្ថុ ដើម្បីបិណ្ឌបាត។ កាលព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅបិណ្ឌបាត ក្នុងក្រុងកបិលវត្ថុ លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ទ្រង់ស្តេចសំដៅទៅកាន់ព្រៃមហាវ័ន លុះដល់ហើយ ក៏ស្តេចចូលទៅកាន់ព្រៃមហាវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ ទើបគង់នៅក្នុងវេលាថ្ងៃ ទៀបគល់ភ្នៅសាវ។ មានសក្យៈ១រូប ឈ្មោះ ទណ្ឌបាណិ(១) ដើរទៅ ដើរមកឲ្យស្រួលជើង ក៏ដើរសំដៅទៅព្រៃមហាវ័ន លុះទៅដល់ហើយ ក៏ចូលទៅកាន់ព្រៃមហាវ័ន ហើយសំដៅទៅរកព្រះមានព្រះភាគ ដែលគង់ទៀបគល់ភ្នៅសាវនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យគួររីករាយ និងពាក្យគួររឭកហើយ ក៏ច្រត់ចុះនូវដំបងឈរ (ស្ទប់ចង្កា) នៅក្នុងទីដ៏សមគួរ។
(១) សក្យៈនេះ ជាមនុស្សជំទង់ ឋិតនៅក្នុងបឋមវ័យនៅឡើយ ប៉ុន្តែរមែងកាន់ដំបងមាសដើរ ព្រោះហេតុតែមានដំបងដ៏វិចិត្រដូច្នោះ បានជាហៅថា ទណ្ឌបាណិ ជាបក្ខពួកនឹងទេវទត្ត។ អដ្ឋកថា។