ដ៏មានអាយុនេះឯង ព្រះសាស្តាទ្រង់សរសើរ ទាំងពួកសព្រហ្មចារី ជាអ្នកប្រាជ្ញក៏សរសើរដែរ មានតែព្រះកច្ចានៈ ដ៏មានអាយុនេះ ទើបអាចនឹងចែកសេចក្តី នៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយបំប្រួញ មិនទាន់ចែកអត្ថឲ្យពិស្តារនេះ ឲ្យពិស្តារទៅបាន បើដូច្នោះ គួរយើងទាំងឡាយ ចូលទៅរកមហាកច្ចានៈដ៏មានអាយុនោះ លុះចូលទៅដល់ហើយ គប្បីសាកសួរនូវសេចក្តីនេះ នឹងមហាកច្ចានៈដ៏មានអាយុ។ ទើបភិក្ខុទាំងនោះ នាំគ្នាចូលទៅរកមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងមហាកច្ចានៈដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹងមហាកច្ចានៈដ៏មានអាយុថា ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគរបស់យើងទាំងឡាយ សំដែងឧទ្ទេសនេះ ដោយសេចក្តីបំប្រួញ មិនទាន់បានចែកសេចក្តីដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃ បបញ្ចសញ្ញា រមែងប្រព្រឹត្តទៅតាមបុរស ព្រោះមានសភាវៈណាជាហេតុ សូម្បីសេចក្តីដែលបុគ្គលគប្បីត្រេកអរ បើមិនមានក្នុងសភាវៈនុ៎ះទេ។បេ។ អកុសលធម៌ទាំងឡាយដ៏លាមកនេះ តែងរលត់ទៅវិញ ដោយមិនសេសសល់ក្នុងសភាវៈនុ៎ះដូច្នេះ ហើយក៏ស្រាប់តែស្តេចក្រោកអំពី