ព្រោះមានសភាវៈណាជាហេតុ សេចក្តីដែលបុគ្គលគប្បីត្រេកអរ បើមិនមានក្នុងសភាវៈនុ៎ះទេ។បេ។ អកុសលធម៌ ដ៏លាមកទាំងឡាយនេះ រមែងរលត់ទៅ ដោយមិនសេសសល់ ក្នុងសភាវៈនុ៎ះ ដូច្នេះហើយ ក៏ស្រាប់តែស្តេចក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ។ បពិត្រព្រះមានព្រះភាគដ៏ចំរើន កាលព្រះមានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងនោះ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគរបស់យើង ទ្រង់សំដែងនូវឧទ្ទេសនេះ ដោយសេចក្តីបំប្រួញណាស់ មិនទាន់ចែកសេចក្តីដោយពិស្តារថា ម្នាលភិក្ខុ ចំណែកនៃបបញ្ចសញ្ញា រមែងគ្របសង្កត់នូវបុរស ព្រោះមានសភាវៈណាជាហេតុ សូម្បីសេចក្តីដែលបុគ្គលគប្បីត្រេកអរ គប្បីពោល គប្បីប្រកាន់ (ថាអញ ថាយើង) បើមិនមានក្នុងសភាវៈនុ៎ះទេ សេចក្តីមិនត្រេកអរ ជាដើមនុ៎ះឯង ហៅថា ទីបំផុតនៃរាគានុស័យ ហៅថាទីបំផុតនៃបដិឃានុស័យ ហៅថាទីបំផុតនៃទិដ្ឋានុស័យ ហៅថាទីបំផុតនៃវិចិកិច្ឆានុស័យ ហៅថាទីបំផុតនៃមានានុស័យ ហៅថាទីបំផុតនៃភវរាគានុស័យ ហៅថាទីបំផុតនៃអវិជ្ជានុស័យ ហៅថាទីបំផុតនៃការកាន់ដំបង កាន់សស្ត្រា បង្កហេតុ ជម្លោះ ទាស់ទែង ពោលពាក្យចាក់ដោត ថាឯង ថាមឹង និងពាក្យមុសាវាទ អកុសលធម៌ ដ៏លាមកទាំងឡាយនេះ រមែងរលត់ទៅ ដោយមិនសេសសល់