ស្រេកឃ្លាន បាត់អស់កំឡាំង ប្រព្រឹត្តទៅអស់មួយយប់ មួយថ្ងៃនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឆាន់ចង្ហាន់បិណ្ឌបាតនោះ បានបន្ទោបង់សេចក្តីស្រេកឃ្លាន បាត់អស់កំឡាំង ប្រព្រឹត្តទៅអស់មួយយប់ មួយថ្ងៃនោះឯង ក៏មិនជាអ្វី។ ឯភិក្ខុទីមួយនោះឯង គួរជាទីបូជាដោយវិសេសផង ជាទីសរសើររបស់តថាគតផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា ការមិនឆាន់ចង្ហាន់បិណ្ឌបាតនោះ អាចធ្វើឲ្យភិក្ខុនោះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសេចក្តីសន្តោស ដើម្បីមានចិត្តផូរផង់ ដើម្បីជាមនុស្សដែលគេចិញ្ចឹមងាយ ដើម្បីប្រារព្ធនូវព្យាយាម អស់កាលដ៏យូរអង្វែងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងធម្មវិន័យនេះ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគតជាមត៌ក កុំយកអាមិសជាមត៌កឡើយ តថាគត មានសេចក្តីអនុគ្រោះ ចំពោះអ្នកទាំងឡាយ ដូច្នេះថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរជាអ្នកយកធម៌ជាមត៌ក កុំយកអាមិសជាមត៌កឡើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះ លុះព្រះសុគត មានព្រះពុទ្ធដីកានេះចប់ហើយ ក៏ទ្រង់ស្តេចក្រោកចាកអាសនៈ ទ្រង់ពុទ្ធដំណើរទៅកាន់វិហារ។