បើកនូវផ្លូវដែលក្សេមក្សាន្ត ដែលប្រកបដោយសួស្តី ទាំងគួរដល់សេចក្តីត្រេកអរ ដល់ពួកម្រឹគនោះ ហើយបិទនូវផ្លូវខុស រើយកសម្រាស់ចេញ ធ្វើមេម្រឹគធ្នាក់ ឲ្យវិនាស ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ លុះសម័យខាងក្រោយមក ពួកម្រឹគច្រើននោះ ក៏ដល់នូវសេចក្តីចំរើន កុះករ បរិបូណ៌ឡើង ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះ តថាគតធ្វើ ដើម្បីបញ្ជាក់នូវសេចក្តីនេះប៉ុណ្ណោះ។ សេចក្តីអធិប្បាយ ក្នុងពាក្យឧបមានេះ ដូចសំដែងតទៅ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ត្រពាំងទំនាបធំនុ៎ះ គឺជាឈ្មោះរបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ពួកម្រឹគច្រើននុ៎ះ ជាឈ្មោះរបស់ពួកសត្វច្រើន។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា បុរសមិនប្រាថ្នានូវសេចក្តីចំរើន មិនប្រាថ្នានូវប្រយោជន៍ មិនប្រាថ្នា នូវសេចក្តីក្សេមនុ៎ះ ជាឈ្មោះនៃមារ ដែលមានធម៌ដ៏លាមក។ ត្រង់ពាក្យថា ផ្លូវខុសនុ៎ះ ជាឈ្មោះមិច្ឆាមគ្គ (ផ្លូវខុស) ប្រកបដោយអង្គ៨ប្រការ គឺមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ មិច្ឆាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា សម្រាស់នុ៎ះ ជាឈ្មោះនៃនន្ទិរាគ។