[២៣] កាលដែលព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅ មិនយូរប៉ុន្មាន ព្រះសារីបុត្តដ៏មានអាយុ ក៏ហៅភិក្ខុទាំងឡាយ មកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ។ ភិក្ខុទាំងនោះ ទទួលថេរវាចាព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ។ ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ចុះព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កមិនហាត់ធ្វើនូវវិវេក(១) គឺសេចក្តីស្ងប់ស្ងាត់ ដោយហេតុប៉ុន្មានយ៉ាង មួយទៀត ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កហាត់ធ្វើនូវវិវេក ដោយហេតុប៉ុន្មានយ៉ាង។ ពួកភិក្ខុតបថា ម្នាលអាវុសោ យើងខ្ញុំ
(១) វិវេកមាន៣យ៉ាងគឺ កាយវិវេក ស្ងាត់កាយ បានដល់បុគ្គល ដែលមានកាយស្ងប់ស្ងាត់ ត្រេកអរក្នុងនេក្ខម្មៈ លះបង់ចោលពួកគណៈ ហើយប្រព្រឹត្តនៅម្នាក់ឯង១ ចិត្តវិវេក ស្ងាត់ចិត្ត បានដល់បុគ្គល ដែលមានចិត្តបរិសុទ្ធផូរផង់ លះបង់ចោលនូវកិលេស ដោយអំណាចសមាបត្តិប្រាំបី១ ឧបធិវិវេក១ បានដល់បុគ្គល ដែលមិនមានកិលេស មិនមានសង្ខារ លះបង់ចោលនូវពួកសង្ខារជ្រះស្រឡះ១។ កាយវិវេក ជាបច្ច័យនៃចិត្តវិវេក ចិត្តវិវេក ជាបច្ច័យនេះឧបធិវិវេក គឺព្រះនិព្វាន (អដ្ឋកថា ទីឃនិកាយ សីលក្ខន្ធវគ្គ និងអដ្ឋកថាធម្មបទ)។