ពួកភិក្ខុជាថេរៈ នឹងមានគេតិះដៀលដោយហេតុ៣យ៉ាង។ គឺភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ តែមានពួកសាវ័កមិនហាត់ធ្វើនូវវិវេក។ ភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី២ នេះថា ពួកសាវ័កមិនលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់សំដែងប្រាប់ឲ្យលះបង់។ ភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី៣ នេះថា ពួកសាវ័ក ជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នកកាន់ (សាសនា) ធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្តទន់ទាប ជាអ្នកដាក់ធុរៈក្នុងវិវេក។ ម្នាលអាវុសោទាំងឡាយ ពួកភិក្ខុជាថេរៈ រមែងមានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ពួកមជ្ឈិមភិក្ខុ។បេ។ ពួកនវកភិក្ខុ រមែងមានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ តែមានពួកសាវ័កមិនហាត់ធ្វើនូវវិវេក។ ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយហេតុទី២ នេះថា ពួកសាវ័កមិនលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់សំដែងប្រាប់ឲ្យលះបង់។