គឺពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ទាំងពួកសាវ័ក ក៏សិក្សាតាមនូវវិវេក។ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទី២ នេះថា ពួកសាវ័កជាអ្នកលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់សំដែងប្រាប់ឲ្យលះបង់។ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទី៣ នេះថា ពួកសាវ័ក មិនប្រព្រឹត្តល្មោភច្រើនផង មិនអ្នកកាន់ (សាសនា) ធូរៗ មិនដាក់ធុរៈក្នុងការប្រព្រឹត្តិទន់ទាបផង ជាប្រធានក្នុងវិវេកធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោទាំងឡាយ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទាំង៣នេះឯង។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ពួកមជ្ឈិមភិក្ខុ (ភិក្ខុកណ្តាល)។បេ។ ពួកនវកភិក្ខុ (ភិក្ខុថ្មី) រមែងមានអ្នកផងសរសើរ ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ មានពួកសាវ័ក សិក្សាតាមនូវវិវេក។ ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយហេតុទី២ នេះថា ពួកសាវ័កជាអ្នកលះបង់នូវពួកធម៌ ដែលព្រះសាស្តាទ្រង់សំដែងប្រាប់ឲ្យលះបង់។