អនង្គណសូត្រ ទី៥
[៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះសារីបុត្រដ៏មានអាយុ ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុដ៏មានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្រដ៏មានអាយុថា ព្រះថេរៈដ៏មានអាយុ ដូច្នេះ។
[៥៤] ព្រះសារីបុត្រដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បុគ្គល៤ពួកនេះ តែងមាននៅក្នុងលោក។ បុគ្គល៤ពួក តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ នៅមាន អង្គណៈ(១) ក៏មិនដឹងច្បាស់តាមពិតថា អាត្មាអញ នៅមាន អង្គណៈ ក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយទៀត ក្នុងលោកនេះ នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ នៅមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនមានអង្គណៈ ក៏មិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ
(១) បានដល់កិលេសដ៏ក្លៀវក្លា មានប្រការផ្សេងៗ។ អដ្ឋកថា។