លុះធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងតាមកំចាត់ចិត្តមិនខាន។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំងរាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេនាំយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍ដ៏បរិសុទ្ធ ផូរផង់ តែបុគ្គលជាម្ចាស់ទាំងឡាយ មិនបានប្រើប្រាស់ភាជន៍នោះផង មិនបានដុសខាត់ផង ថែមទាំងទុកភាជន៍នោះ ក្នុងផ្លូវធូលីទៀត ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះដល់សម័យខាងក្រោយ ទៅជាសៅហ្មង មានស្នឹមចាប់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រមានថេរវាចាតទៅទៀតថា ម្នាលអាវុសោ បុគ្គលណា មិនមានអង្គណៈ មិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់ទៅជាមានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គលនោះ មុខជានឹងធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត លុះធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងតាមកំចាត់ចិត្តមិនខាន។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំងរាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តសៅហ្មង ក៏យ៉ាងនោះឯង។ ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន