ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ លុះព្រះសារីបុត្រដ៏មានអាយុ ពោលពាក្យនេះហើយ ភិក្ខុទាំងអម្បាលនោះ មានចិត្តត្រេកអរ រីករាយចំពោះភាសិត របស់ព្រះសារីបុត្រដ៏មានអាយុ។
ចប់ សម្មាទិដ្ឋិសូត្រ ទី៩។
ធម្មជាតណា ក្នុងពាក្យដែលលោកពោលថា កតមំ បនាវុសោ (ម្នាលអាវុសោ តើដូចម្តេច) មាន៦បទគឺ ទុក្ខ ជរា មរណ ឧបាទាន សឡាយតន នាមរូប វិញ្ញាណ។ ធម្មជាតិណា ក្នុងពាក្យដែលលោកពោលថា កតមា បនាវុសោ (ម្នាលអាវុសោ តើដូចម្តេច) មាន៤គឺ ជាតិ តណ្ហា វេទនា ជាគម្រប់៤នឹងអវិជ្ជា។