ទោះចិត្តប្រកបដោយមោហៈ (គឺមោហមូល២ប្រការ) ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ។ ទោះចិត្តរួញរា (គឺចិត្តដែលថីនមិទ្ធៈគ្របសង្កត់) ក៏ដឹងច្បាស់ថា ចិត្តរួញរា ទោះចិត្តរាយមាយ (គឺឧទ្ធច្ចសហគតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តរាយមាយ។ ទោះចិត្តដល់នូវភាវៈប្រសើរ (គឺជារូបាវចរចិត្ត និងអរូបាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈប្រសើរ ទោះចិត្តមិនដល់នូវភាវៈប្រសើរ (គឺជាកាមាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តមិនដល់នូវភាវៈប្រសើរ។ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺកាមាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តនៅមានចិត្តដទៃប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺរូបាវចរចិត្ត និងអរូបាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង។ ទោះចិត្តដំកល់នៅមាំ (គឺអប្បនាសមាធិ និងឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តដំកល់នៅមាំ ទោះចិត្តមិនដំកល់នៅមាំ (គឺប្រាសចាកសមាធិទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនដំកល់នៅមាំ។ ទោះចិត្តរួចស្រឡះ(១) ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។
(១) ចិត្តរួចស្រឡះក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ២៨។