[២០២] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោស របស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គប្បីមើលនូវបងប្អូនស្រីនោះឯង ក្នុងសម័យខាងក្រោយមក ដែលមានអាយុ៨០ឆ្នាំ ឬមានអាយុ៩០ឆ្នាំ មានអាយុ១០០ឆ្នាំ ជាស្ត្រីចាស់ជរាហើយដោយជាតិ មានឆ្អឹងជំនីរកោង ដូចបង្កង់ផ្ទះ មានកាយកោង កាន់ឈើច្រត់ កាលដើរទៅ ញ័ររន្ធត់ រសាប់រសល់ដោយជរា មានវ័យកន្លងហើយ មានធ្មេញបាក់ សក់ស្កូវ ក្បាលឆក ក្បាលទំពែក ស្បែកជ្រួញជ្រីវ ខ្លួនរទុះដោយអាចម៍រុយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តីនុ៎ះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងសម័យពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានបុណ្យត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺចាប់ជាទម្ងន់ ដួលដេកត្រាំ ក្នុងមូត្រ និងលាមករបស់ខ្លួន លុះតែមានជនឯទៀតគ្រាឡើង ទើបបានក្រោករួច លុះតែមានជនឯទៀតនាំឲ្យចូលទៅ ទើបចូលទៅបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន