អកុសលវិតក្កៈទាំងនោះ នឹងសាបសូន្យទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះបានហើយ ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ដូចជាជាងឈើ ឬកូនសិស្សជាងឈើ ដែលប្រសប់ គប្បីវាយបញ្ជូន នាំចេញ ដកចេញ នូវកន្លាស់ធំ ដោយកន្លាស់តូច ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យហេតុណា ធ្វើទុកក្នុងចិត្ត នូវហេតុណា អកុសលវិតក្កៈ ដ៏លាមកទាំងឡាយ ដែលប្រកបដោយឆន្ទៈខ្លះ ប្រកបដោយទោសៈខ្លះ ប្រកបដោយមោហៈខ្លះ តែងកើតឡើងដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីចេញចាកហេតុនោះ ហើយធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែលប្រកបដោយកុសលវិតក្កៈវិញ កាលភិក្ខុនោះ ចេញចាកហេតុនោះហើយ ធ្វើទុកក្នុងចិត្ត នូវហេតុដទៃ ដែលប្រកបដោយកុសលវិតក្កៈ អកុសលវិតក្កៈ ដ៏លាមកទាំងឡាយណា ដែលប្រកបដោយឆន្ទៈខ្លះ ទោសៈខ្លះ មោហៈខ្លះ អកុសលវិតក្កៈទាំងនោះ នឹងសាបសូន្យទៅ នឹងដល់នូវសេចក្តីវិនាសបាត់បង់ទៅពុំខាន ព្រោះលះបង់នូវអកុសលវិតក្កៈទាំងនោះបានហើយ ទើបចិត្តខាងក្នុង ក៏តាំងនៅស្ងួតស្ងប់ស៊ប់សួន ជាចិត្តមានអារម្មណ៍តែមួយ ជាចិត្តនឹង នៅក្នុងអារម្មណ៍ ដូច្នោះឯង។