ពួកម្រឹគទី៣នោះ ក៏ចូលទៅអាស្រ័យដំណាំ ដែលនេវាបិកជនដាំឯណោះ ហើយសម្រេចទីនៅ (ឰដ៏ខាងក្រៅ) លុះសម្រេចទីនៅ ក្នុងទីនោះហើយ ក៏មិនចូលទៅលុកលុយដំណាំ ដែលនេវាបិកជនដាំឯណោះ មិនភ្លេចខ្លួន ស៊ីនូវភោជនទាំងឡាយ លុះពួកម្រឹគទាំងនោះ មិនចូលទៅលុកលុយភ្លេចខ្លួន ក្នុងដំណាំនោះ គ្រាន់តែស៊ីនូវភោជនទាំងឡាយ ក៏មិនដល់នូវសេចក្តីស្រវឹង លុះមិនស្រវឹងហើយ មិនដល់នូវសេចក្តីប្រមាទ លុះមិនប្រមាទហើយ ជាសត្វគួរនេវាបិកជន ធ្វើតាមសេចក្តីប្រាថ្នាមិនបាន ព្រោះដំណាំឯណោះទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនោះ នេវាបិកជន និងបរិសទ្យ របស់នេវាបិកជន មានសេចក្តីត្រិះរិះ ដូច្នេះថា អើក៏ពួកម្រឹគទី៣ទាំងនេះ ជាសត្វមានកលមាយា ដូចជាមានឫទ្ធិ ពួកម្រឹគទី៣នេះ ជាសត្វផ្សេងគ្នា (អំពីពួកម្រឹគទី១ ទី២) មកស៊ីដំណាំ ដែលអញដាំហើយនេះឯង យើងទាំងឡាយ មិនដឹងដំណើរមក និងដំណើរទៅ របស់វាទាំងនោះ បើដូច្នោះ មានតែយើងទាំងឡាយ ធ្វើរបងព័ទ្ធដំណាំ ដែលយើងទាំងឡាយដាំហើយនេះ ព្រមទាំងប្រទេសជុំវិញ ដោយកំណាត់ឈើ និងបង្កាត់ទាំងឡាយធំៗ គង់យើងទាំងឡាយ នឹងឃើញ នូវទីអាស្រ័យ របស់ពួកម្រឹគទី៣ នឹងចាប់ម្រឹគទាំងនោះ ត្រង់កន្លែង ដែលវានៅឲ្យបាន។