ម្នាលអាវុសោគោតម សូម្បីដោយសេចក្តីព្យាយាមនោះ ដោយសេចក្តីប្រតិបត្តិនោះ ដោយទុក្ករកិរិយា (ដែលបានធ្វើរួចមកហើយ) នោះ ម្តេចគង់លោកមិនបានត្រាស់ដឹងនូវគុណវិសេស គឺញាណទស្សនៈ ដ៏អាចធ្វើខ្លួនឲ្យជាអរិយ ក្រៃលែងជាងមនុស្សធម៌ ចំណង់បើឥឡូវនេះ លោកប្រតិបត្តិ ដើម្បីល្មោភច្រើន ឃ្លាតចាកព្យាយាមហើយ វិលត្រឡប់មក ដើម្បីល្មោភច្រើនហើយ នឹងត្រាស់ដឹង នូវគុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ ដូចម្តេចបាន។ ម្នាលភិក្ខុទាំងឡាយ លុះពួកបញ្ចវគ្គិយភិក្ខុ និយាយយ៉ាងនេះហើយ ទើបតថាគត ពោលនឹងពួកបញ្ចវគ្គិយភិក្ខុ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត មិនមែនប្រតិបត្តិ ដើម្បីល្មោភច្រើនទេ មិនឃ្លាតចាកព្យាយាមទេ មិនវិលត្រឡប់មក ដើម្បីល្មោភច្រើន ដូច្នោះទេ ម្នាលភិក្ខុទាំងឡាយ តថាគត បានឋានៈជាអរហន្ត សម្មាសម្ពុទ្ធហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងសោតប្រសាទចុះ តថាគត នឹងប្រៀនប្រដៅ នូវព្រះនិព្វាន ដែលតថាគតត្រាស់ដឹងហើយ តថាគត នឹងសំដែងធម៌ ក៏កុលបុត្រទាំង