ដូចម្តេចមិញ ម្នាលអ្នកទាំងឡាយមានអាយុ កាលភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល ក៏មិនតាំងនៅនឹង ដូច្នេះឯង។ ភិក្ខុនោះតែងតក់ស្លុត ដល់នូវសេចក្តីសង្វេគ ដោយហេតុនោះថា ឱហ្ន៎ អាត្មាអញ ជាមនុស្សឥតលាភ ឱហ្ន៎ អាត្មាអញ ជាមនុស្សមិនមានលាភ អត្តភាពជាមនុស្ស អាត្មាអញ បានដោយកម្រ អត្តភាពជាមនុស្ស អាត្មាអញ មិនមែនបានដោយងាយទេ ត្រង់ដែលអាត្មាអញ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល មិនទាន់តាំងនៅនឹងបាន។ ម្នាលអ្នកទាំងឡាយមានអាយុ កាលបើភិក្ខុនោះ រឭកនូវព្រះពុទ្ធយ៉ាងនេះ រឭកនូវព្រះធម៌យ៉ាងនេះ រឭកនូវព្រះសង្ឃយ៉ាងនេះហើយ ឧបេក្ខាដែលអាស្រ័យនឹងកុសល រមែងតាំងនៅនឹងបាន។ ភិក្ខុនោះ មានចិត្តត្រេកអរ ដោយហេតុនោះ។ ម្នាលអ្នកទាំងឡាយមានអាយុ ភិក្ខុនោះឈ្មោះថា ធ្វើតាមពាក្យប្រដៅ របស់ព្រះមានព្រះភាគរឿយៗហើយ ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។