ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អរិដ្ឋភិក្ខុ មានបុព្វបុរស ជាអ្នកសម្លាប់ត្មាតនេះ ពោលបង្កាច់តថាគតផង ជីកគាស់រំលើង នូវខ្លួនឯងផង ទទួលនូវបាបដ៏ច្រើនផង ព្រោះអំពើដែលខ្លួនកាន់យកអាក្រក់ ដោយប្រការណា ព្រោះអ្នកទាំងឡាយ ដឹងច្បាស់នូវធម៌ ដែលតថាគតសំដែងហើយ ដោយប្រការដូច្នោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន យើងខ្ញុំទាំងឡាយ មិនបានដឹងច្បាស់នូវធម៌នុ៎ះទេ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ធម៌ធ្វើនូវសេចក្តីអន្តរាយ ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដល់យើងខ្ញុំទាំងឡាយ ដោយអនេកបរិយាយ ធម៌ទាំងឡាយនោះ អាចធ្វើនូវសេចក្តីអន្តរាយ ដល់បុគ្គលអ្នកសេពពិតមែន ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើន ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមទាំងឡាយនេះ មានច្រើនក្រៃពេក ។បេ។ ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដូចក្បាលពស់