វិសាខឧបាសក ក៏ត្រេកអរនឹងភាសិត របស់ធម្មទិន្នាភិក្ខុនីថា ពីរោះណាស់ ព្រះនាងជាម្ចាស់ ហើយក៏បានសួរប្រស្នា នឹងធម្មទិន្នាភិក្ខុនី តទៅទៀតថា បពិត្រព្រះនាងជាម្ចាស់ ព្រះមានព្រះភាគ ទ្រង់តែងត្រាស់ថា ហេតុដែលនាំឲ្យកើតសក្កាយៈ ហេតុដែលនាំឲ្យកើតសក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ថា ជាហេតុនាំឲ្យកើតសក្កាយៈ។ ធម្មទិន្នាភិក្ខុនីតបថា ម្នាលអាវុសោវិសាខ តណ្ហាដែលនាំឲ្យសត្វកើតក្នុងភពថ្មីទៀត ប្រកបដោយនន្ទិរាគៈ មានសេចក្តីត្រេកអរ ក្នុងភពនោះៗ តណ្ហានោះគឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ ម្នាលអាវុសោវិសាខ នេះឯងហើយ ដែលព្រះមានព្រះភាគ ត្រាស់ថា ហេតុនាំឲ្យកើតសក្កាយៈ។ បពិត្រព្រះនាងជាម្ចាស់ ព្រះមានព្រះភាគ ត្រាស់ថា ការរំលត់សក្កាយៈ ការរំលត់សក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿងរំលត់សក្កាយៈ។ ម្នាលអាវុសោវិសាខ សេចក្តីនឿយណាយ និងការរំលត់ ដោយមិនសល់ ការលះបង់ ការជម្រុះចោល ការរួចស្រឡះ ការលែងអាឡោះអាល័យ ចំពោះតណ្ហានោះឯង ម្នាលអាវុសោវិសាខ នេះឯងហើយ ដែល