ចូឡ​សច្ច​ក​សូត្រ​ ​ទី៥​


 [​៣២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​ក្នុង​មហាវ័ន​ ​ទៀប​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​និ​គន្ថ​បុត្រ​ ​ឈ្មោះ​សច្ច​កៈ​ ​នៅក្នុង​ក្រុង​វេសាលី​ ​ជា​អ្នកពោល​នូវ​តិរច្ឆាន​ថា​ ​ពោល​ថា​ ​ខ្លួន​ជា​អ្នកប្រាជ្ញ​ ​មហាជន​សន្មត​ថា​ ​ជា​អ្នកមាន​លទ្ធិ​ល្អ​។​ ​សច្ច​ក​និ​គន្ថ​បុត្រ​នោះ​ ​តែង​ពោល​វាចា​ ​នា​កណ្តាល​បរិស័ទ​ ​ក្នុង​ក្រុង​វេសាលី​យ៉ាងនេះ​ថា​ ​បុគ្គល​ណា​ ​ដែល​អាត្មាអញ​លើកឡើង​ ​នូវ​ទោស​ដោយ​សំដី​ ​ហើយ​មិន​កក្រើក​ ​មិន​រំភើប​ ​មិន​ញាប់ញ័រ​ ​ទាំង​ញើស​ក៏​មិន​ហូរចេញ​អំពី​ក្លៀក​ ​របស់​បុគ្គល​ណា​ ​អាត្មាអញ​ ​មិនឃើញ​នូវ​បុគ្គល​នោះ​ ​ទោះ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ជា​អ្នកមាន​ពួក​ ​មាន​គណៈ​ ​ជា​អាចារ្យ​នៃ​គណៈ​ ​ឬ​ពុំ​នោះ​សោត​ ​បាន​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ទេ​ ​ឯ​អាត្មាអញ​ ​បើ​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យសំដី​ ​ចំពោះ​ទៅលើ​បង្គោល​ ​ដែល​ជា​របស់​គ្មាន​ចេតនា​សោះ​ ​ឯ​បង្គោល​នោះ​ ​លុះ​អាត្មាអញ​ ​លើកឡើង​នូវ​ទោស​ ​ដោយ​ពាក្យសំដី​ហើយ​ ​គប្បី​កក្រើក​ ​រំភើប​ ​ញាប់ញ័រ​ ​ចាំបាច់​ពោល​ទៅ​ថ្វី​ ​ដល់​មនុស្សជា​ត​ផងគ្នា​។​
ថយ | ទំព័រទី ៦១ | បន្ទាប់