បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានពោលពាក្យនេះ នឹងនិគន្ថនាដបុត្តថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងលើកវាទៈ ចំពោះព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយប្រការដូចម្តេចទៅ និគន្ថនាដបុត្តក៏ពោលថា ម្នាលរាជកុមារ សូមទ្រង់មក សូមទ្រង់ចូលទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ សូមទ្រង់ពោលយ៉ាងនេះ នឹងព្រះសមណគោតមថា បពិត្រព្រះអង្គដ៏ចំរើន វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោលវាចានោះដែរឬទេ កាលបើ ទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម នឹងដោះស្រាយយ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត គប្បីពោលវាចានោះដែរ ទ្រង់គប្បីពោលនឹងព្រះសមណគោតម យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ អំពើរបស់ព្រះអង្គ ផ្សេងអ្វីអំពីបុថុជ្ជនបាន ព្រោះថា វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ បុថុជ្ជន ក៏ពោលវាចានោះដែរ ប្រសិនបើទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម មុខជានឹងដោះស្រាយ យ៉ាងនេះថា