ហើយទេវទត្ត ក៏ខឹងអាក់អន់ចិត្ត ដោយវាចារបស់ព្រះអង្គនោះ។ ម្នាលរាជកុមារ កាលបើទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាចនឹងលេបចូល មិនអាចខ្ជាក់ចេញបានឡើយ ដូចក្រចាប់ ដែលស្លាក់នៅក្នុងបំពង់កនៃបុរស បុរសនោះ មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងណា ម្នាលរាជកុមារ កាលបើទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាចនឹងលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងនោះឯង។ អភយរាជកុមារ ទទួលស្តាប់ពាក្យនិគន្ថនាដបុត្ត ដោយពាក្យថា ករុណាលោកម្ចាស់ ហើយក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំនិគន្ថនាដបុត្ត ធ្វើប្រទក្សិណ ហើយចូលសំដៅទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអភយរាជកុមារ អង្គុយក្នុងទីសមគួរហើយ ក៏ក្រឡេកមើលព្រះអាទិត្យ មានសេចក្តីត្រិះរិះយ៉ាងនេះថា ថ្ងៃនេះជាកាលមិនសមគួរ ដើម្បីលើកវាទៈ ចំពោះព្រះមានព្រះភាគឡើយ អាត្មាអញ នឹងលើកវាទៈ ចំពោះព្រះមានព្រះភាគ ក្នុងលំនៅរបស់ខ្លួន ក្នុងថ្ងៃស្អែកវិញ។