ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងនេះ មានវាទៈ ជាសឹកសត្រូវ ដោយត្រង់ ទៅរកគ្នានឹងគ្នា មិនមែនឬ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស តែងពិចារណាឃើញក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា សមណព្រាហ្មណ៍ដ៏ចម្រើនទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មិនមាន ដោយប្រការទាំងពួង ពាក្យនេះ យើងក៏មិនដែលឃើញ សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មាន ដោយប្រការទាំងពួង ពាក្យនេះ យើងក៏មិនដែលដឹង ឯយើង កាលបើមិនដឹង មិនឃើញ គប្បីកាន់យកដោយចំណែកមួយ ហើយនិយាយថា ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ហេតុនេះ មិនសមគួរទេ សមណព្រាហ្មណ៍ដ៏ចំរើនទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មិនមាន ដោយប្រការទាំងពួង បើពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ជាពាក្យពិត ពាក្យនុ៎ះ យកជាទីតាំងបានប្រាកដ ទេវតាទាំងឡាយណា មានរូប កើតដោយឈានចិត្ត ពាក្យនេះ (មិនខុស) ការទៅកើតក្នុងរូបព្រហ្មនោះ នឹងមានដល់យើង មួយទៀត សមណព្រាហ្មណ៍ ដ៏ចំរើនទាំងឡាយណា មានវាទៈយ៉ាងនេះ