មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ដែលអ្នកមិនបានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកសមណព្រាហ្មណ៍ ជាតិរ្ថិយផ្សេងៗ មានប្រមាណច្រើនរូប ដែលនៅចាំវស្សា ក្នុងក្រុងសាវត្ថី សូម្បីពួកអ្នកទាំងនោះ ក៏គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ ជាសាវ័ក របស់ព្រះសមណគោតម ជាព្រះថេរមួយអង្គ មិនបានបំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ដែលអ្នកមិនបានដឹង។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់នូវខ្ញុំព្រះអង្គ ដែលជាមនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ព្រោះកាលដែលព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា ខ្ញុំព្រះអង្គ បានក្រាបទូលនូវសេចក្តីមិនអាចធ្វើតាមបាន។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់ទោស ចំពោះកំហុសតាមទោស របស់ខ្ញុំព្រះអង្គនោះ ដើម្បីសង្រួមតទៅ។