នឡកបានសូត្រ ទី៨
[១៩៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃចារ ទៀបស្រុកនឡកបានៈ(១) ក្នុងដែនកោសល។ ក៏សម័យនោះ កុលបុត្តទាំងឡាយច្រើនរូប ជាអ្នកមានកេរ្តិឈ្មោះប្រាកដជាងគេ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដោយសទ្ធា ឧទ្ទិសព្រះមានព្រះភាគ គឺព្រះអនុរុទ្ធមានអាយុ១ ព្រះភទ្ទិយៈមានអាយុ១ ព្រះកិម្ពិលៈមានអាយុ១ ព្រះភគ្គុមានអាយុ១ ព្រះកោណ្ឌញ្ញៈមានអាយុ១ ព្រះរេវតៈមានអាយុ១ ព្រះអានន្ទមានអាយុ១ និងកុលបុត្តទាំងឡាយ ដែលមានកេរ្តិឈ្មោះប្រាកដជាងគេដទៃទៀត។ ក៏សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃជាបរិវារ ទ្រង់គង់ក្នុងទីវាល។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ប្រារព្ធនូវកុលបុត្តទាំងឡាយ ហើយត្រាស់ហៅពួកភិក្ខុមកសួរថា ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះ ចូលមកកាន់ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងនោះ ត្រេកអរហើយ ក្នុងព្រហ្មចរិយៈខ្លះដែរឬទេ។
(១) ប្រទេសដែលស្តេចពានរ ព្រមដោយបរិវារក្រេបផឹកទឹក ដោយដើមបបុះ មកអំពីព្រេងនាយ។ អដ្ឋកថា។