ឧបាលិវាទសូត្រ ទី៦
[៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវ័ន(១) ជិតស្រុកនាលន្ទា។ សម័យនោះឯង និគន្ថនាដបុត្ត នៅអាស្រ័យក្នុងស្រុកនាលន្ទា ជាមួយនឹងនិគន្ថបរិសទ្យជាច្រើន។ គ្រានោះ និគ្រន្ថឈ្មោះ ទីឃតបស្សី ត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងស្រុកនាលន្ទា លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្តហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងបាវារិកម្ពវ័ននោះ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។ លុះ ទីឃតបស្សីនិគ្រន្ថ ឋិតនៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា នែ ទីឃតបស្សី អាសនៈ មានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបទីឃតបស្សីនិគ្រន្ថ កាន់យកអាសនៈទាបមួយ អង្គុយក្នុងទីសមគួរ។
(១) ជាឈ្មោះវត្តព្រៃស្វាយ របស់បាវារិកសេដ្ឋី។ បានឮមកថា សេដ្ឋីនោះ បានស្តាប់ធម៌ទេសនា របស់ព្រះមានព្រះភាគ មានសេចក្តីជ្រះថ្លា បានកសាងវត្ត ប្រដាប់ដោយសេនាសនៈផ្សេងៗ មានកុដិ គូហា និងមណ្ឌបជាដើម ក្នុងឱទ្យាននោះ ថ្វាយព្រះមានព្រះភាគ។ បានជាវត្តនោះ ឈ្មោះថា វត្តបាវារិកម្ពវ័ន ដូចជាវត្តជីវកម្ពវ័នដូច្នោះដែរ។ អដ្ឋកថា។