បានប្រព្រឹត្តមគ្គព្រហ្មចរិយធម៌គ្រប់គ្រាន់ហើយ បានធ្វើសោឡសកិច្ចរួចហើយ បានដាក់ចុះភារៈហើយ បានសម្រេចប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានធម៌ជាគ្រឿងជាប់ចំពាក់ ក្នុងភពអស់ហើយ មានចិត្តផុត (ចាកអាសវៈទាំងឡាយ) ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនដែលប្រព្រឹត្តល្មើសនូវហេតុ៥យ៉ាងឡើយ គឺភិក្ខុជាព្រះខីណាស្រព មិនដែលក្លែងធ្វើសត្វឲ្យដាច់ចាកជីវិត១ ភិក្ខុជាព្រះខីណាស្រព មិនដែលកាន់យកទ្រព្យដែលគេមិនបានឲ្យ ពោលគឺ ការលួច១ ភិក្ខុជាព្រះខីណាស្រព មិនដែលសេពមេថុនធម្ម១ ភិក្ខុជាព្រះខីណាស្រព មិនដែលពោលកុហកទាំងដឹងសេចក្តីច្បាស់១ ភិក្ខុជាព្រះខីណាស្រព មិនដែលធ្វើនូវការសន្សំទុក (នូវវត្ថុទាំងឡាយ មានល្ងជាដើម) បរិភោគនូវកាមទាំងឡាយ ដូចកាលដែលខ្លួននៅជាគ្រហស្ថ ក្នុងកាលពីដើម១។ ម្នាលសន្ទកៈ ភិក្ខុណា ជាព្រះខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌គ្រប់គ្រាន់ហើយ បានធ្វើសោឡសកិច្ចរួចស្រេចហើយ បានដាក់ចុះភារៈហើយ បានសម្រេចប្រយោជន៍របស់ខ្លួន ដោយលំដាប់ហើយ មានធម៌ជាគ្រឿងជាប់ចំពាក់ ក្នុងភពអស់ហើយ មានចិត្តផុតស្រឡះ (ចាកអាសវៈទាំងឡាយ) ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនដែលប្រព្រឹត្តល្មើសនូវហេតុទាំង៥យ៉ាងនេះឯង។