លោកមានអាយុនោះ ត្រូវការតែនឹងសំឡេងតិចៗ សរសើរតែសំឡេងតិចៗទេ យើងត្រូវធ្វើដូចម្តេច ឲ្យព្រះសមណគោតមនោះ ជ្រាបថា បរិស័ទមានសំឡេងតិចៗ ហើយនឹងសំគាល់នូវដំណើរដែលគួរចូលមករក។ គ្រានោះឯង ពួកបរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម។ ទើបព្រះមានព្រះភាគ ស្តេចចូលសំដៅទៅត្រង់ទី ដែលសកុលុទាយិបរិព្វាជកនៅ។ លំដាប់នោះឯង សកុលុទាយិបរិព្វាជក បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចចូលមកចុះ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានស្តេចមកស្រួលហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ខានស្តេចមកក្នុងទីនេះយូរណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចគង់ នេះជាអាសនៈបានក្រាលស្រេចហើយ។ ព្រះមានព្រះភាគ ក៏គង់លើអាសនៈ ដែលបរិព្វាជកក្រាលថ្វាយ។ ចំណែកខាងសកុលុទាយិបរិព្វាជក កាន់យកនូវអាសនៈទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ លុះសកុលុទាយិបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ពាក្យនេះថា ម្នាលឧទាយិ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា និយាយរឿងអ្វីអម្បាញ់មិញនេះ ចុះសំដីជាចន្លោះដូចម្តេច ដែលអ្នកទាំងឡាយ ឲ្យឈប់ដាច់បាត់ទៅ។