និគម​ស្តុកស្តម្ភ​ ​មាំមួន​ ​មាន​ជន​ច្រើន​ ​មាន​មនុស្ស​កុះករ​។​ ​ម្នាល​អានន្ទ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ធ្លាប់​ចូល​មកស​ម្រេច​សម្រាន្ត​ឥរិយាបថ​ ​ក្នុង​វេភ​ឡិ​គ​និគម​នេះឯង​។​ ​ម្នាល​អានន្ទ​ ​អារាម​របស់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​មាននៅ​ក្នុង​ទីនេះ​ឯង​។​ ​ម្នាល​អានន្ទ​ ​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​តែង​គង់​ឲ្យ​ឱវាទ​ភិក្ខុសង្ឃ​ក្នុង​ទីនេះ​។​ ​ម្នាល​អានន្ទ​ ​ក្នុង​វេភ​ឡិ​គ​និគម​ ​មាន​ស្មូនឆ្នាំង​ម្នាក់​ ​ឈ្មោះ​ ​ឃ​ដិ​ការ​ ​ជា​ឧបដ្ឋាក​ ​ជា​អ្នកបំរើ​ដ៏​ប្រសើរ​ ​របស់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​។​ ​ម្នាល​អានន្ទ​ ​ស្មូនឆ្នាំង​ឈ្មោះ​ ​ឃ​ដិ​ការ​ ​នោះ​ឯង​ ​មាន​មាណព​ម្នាក់​ ​ឈ្មោះ​ ​ជោតិ​បាល​ ​ជា​មិត្តសំឡាញ់​ពេញចិត្ត​ ​(​របស់​គាត់​)​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និយាយ​នឹង​ជោតិ​បាល​មាណព​ថា​ ​នែ​ជោតិ​បាល​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​មក​ ​យើង​នឹង​នាំគ្នា​ទៅ​គាល់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រោះថា​ ​ការបាន​ឃើញ​នូវ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​របស់ខ្ញុំ​ ​សន្មត​ថា​ជា​ការ​ប្រពៃ​។
ថយ | ទំព័រទី ២៤៦ | បន្ទាប់