ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អាឡារតាបស​កាលាម​គោត្រ​ ​នឹង​ញុំាង​អ្នកដទៃ​ឲ្យដឹង​ច្បាស់​ ​នូវ​ធម៌​នេះ​ថា​ ​អាត្មាអញ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ដូច្នេះ​ ​នឹង​អស់​ស្រេច​ដោយ​ត្រឹមតែ​សទ្ធា​ប៉ុណ្ណោះ​នោះ​ក៏ទេ​ ​ដោយពិត​មែន​នោះ​ ​អាឡារតាបស​កាលាម​គោត្រ​ ​គ្រាន់តែ​ដឹង​ ​គ្រាន់តែ​ឃើញ​ធម៌​នេះ​ប៉ុណ្ណោះ​។​ ​ម្នាល​រាជកុមារ​ ​កាលនោះ​ ​តថាគត​ ​បាន​ចូល​ទៅ​រក​អាឡារតាបស​កាលាម​គោត្រ​ទៀត​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​នឹង​អាឡារតាបស​កាលាម​គោត្រ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​កា​លា​មៈ​ ​លោក​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​នេះ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ហើយ​ញុំាង​អ្នកដទៃ​ ​ឲ្យដឹង​បាន​ត្រឹមតែ​ប៉ុណ្ណោះទេ​ឬ​។​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​ពោល​យ៉ាងនេះ​ហើយ​ ​អាឡារតាបស​កាលាម​គោត្រ​ ​ទើបបាន​ប្រកាសប្រាប់​ដល់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​មិនមែន​មាន​សទ្ធា​ ​តែ​អាឡារតាបស​កាលាម​គោត្រ​ម្នាក់ឯង​ទេ​ ​សូម្បី​យើង​ ​ក៏​មាន​សទ្ធា​ដូច្នោះ​ដែរ​ ​មិនមែន​មាន​វីរិយៈ​តែ​អាឡារតាបស​កាលាម​គោត្រ​ម្នាក់ឯង​ទេ​ ​សូម្បី​យើង​ ​ក៏​មាន​វីរិយៈ​ដូច្នោះ​ដែរ​ ​សតិ​.​.​.​ ​សមាធិ​.​.​.​ ​បញ្ញា​ ​សូម្បី​យើង​ ​ក៏​មាន​បញ្ញា​ដូច្នោះ​ដែរ
ថយ | ទំព័រទី ៣៦១ | បន្ទាប់