សុខ ដែលជាសុខ ក្រៅអំពីកាមទាំងឡាយ ដែលជាសុខ ក្រៅអំពីអកុសលធម៌ទាំងឡាយឡើយ។ ម្នាលរាជកុមារ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខនោះ ដែលបុគ្គលមានរាងកាយ ដល់នូវសេចក្តីស្គាំងស្គម លើសប្រមាណយ៉ាងនេះ មិនងាយនឹងធ្វើឲ្យសម្រេចបានឡើយ បើដូច្នោះ គួរតែអាត្មាអញ បរិភោគអាហារដ៏គ្រោតគ្រាត គឺបាយ និងនំកុម្មាសឡើងវិញ។ ម្នាលរាជកុមារ តថាគតនោះឯង ក៏បានបរិភោគអាហារដ៏គ្រោតគ្រាត គឺបាយ និងនំកុម្មាស។ ម្នាលរាជកុមារ សម័យនោះឯង ពួកបញ្ចវគ្គិយភិក្ខុ ដែលបម្រើតថាគត ដោយគិតថា ព្រះសមណគោតម បើត្រាស់ដឹងធម៌ណា នឹងសំដែងធម៌នោះ ប្រាប់ដល់យើងទាំងឡាយ។ ម្នាលរាជកុមារ កាលនោះ តថាគត បានបរិភោគអាហារ ដ៏គ្រោតគ្រាត គឺបាយ និងនំកុម្មាស គ្រានោះ ពួកបញ្ចវគ្គិយភិក្ខុអម្បាលនោះ ក៏នឿយណាយនឹងតថាគត ហើយចៀសចេញទៅ ដោយគិតថា ព្រះសមណគោតម ជាអ្នកល្មោភ ឃ្លាតចាកសេចក្តីព្យាយាម ត្រឡប់មកដើម្បីល្មោភវិញ។ ម្នាលរាជកុមារ លុះតថាគតបរិភោគអាហារ ដ៏គ្រោតគ្រាតហើយ ក៏បម្រុងរាងកាយ ឲ្យមានកំឡាំង ហើយស្ងាត់ចាកកាមទាំងឡាយ