ទទួលមាសនិងប្រាក់ទេ។ ឃោដមុខព្រាហ្មណ៍ឆ្លើយថា បពិត្រព្រះឧទេនដ៏ចំរើន បើមាសប្រាក់នោះមិនគួរ ខ្ញុំព្រះករុណា នឹងឲ្យជាងធ្វើវិហារ ប្រគេនលោកម្ចាស់ឧទេនដ៏ចំរើន។ ឧទេនភិក្ខុតបថា ម្នាលព្រាហ្មណ៍ បើអ្នកចង់ឲ្យជាងធ្វើវិហារឲ្យអាត្មា ចូរឲ្យជាងសង់ឧបដ្ឋានសាលាប្រគេនសង្ឃ នៅក្នុងក្រុងបាដលិបុត្តវិញចុះ។ ឃោដមុខព្រាហ្មណ៍ ពោលថា លោកម្ចាស់ឧទេនដ៏ចំរើនបបួលខ្ញុំព្រះករុណា ឲ្យធ្វើទានចំពោះសង្ឃ ដោយហេតុណា ខ្ញុំព្រះករុណាមានចិត្តត្រេកអរ រីករាយពន់ប្រមាណ ចំពោះលោកម្ចាស់ឧទេនដ៏ចំរើន ដោយហេតុនេះ បពិត្រលោកម្ចាស់ឧទេនដ៏ចំរើន ខ្ញុំព្រះករុណានេះ នឹងឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃ ក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានេះផង ដោយនិច្ចភិក្ខាដទៃផង។ លំដាប់នោះ ឃោដមុខព្រាហ្មណ៍ ក៏ឲ្យជាងធ្វើឧបដ្ឋានសាលាប្រគេនសង្ឃ ក្នុងក្រុងបាដលិបុត្ត ដោយនិច្ចភិក្ខានុ៎ះផង ដោយនិច្ចភិក្ខាដទៃផង។ ឥឡូវនេះ សាលានោះ គេហៅថា ឃោដមុខី។
ចប់ ឃោដមុខសូត្រ ទី៤។